ធនាគារពិភពលោកនឹងផ្ដល់ជំនួយ១០៥លានដុល្លារដើម្បីលើកកម្ពស់ការអប់រំ

ធនាគារពិភពលោកនឹងផ្ដល់ជំនួយ១០៥លានដុល្លារដើម្បីលើកកម្ពស់ការអប់រំនិងសម្រួលភាពចង្អៀតណែនក្នុងថ្នាក់រៀន

គ្រូបង្រៀនប្រមាណ ៣៧ ០០០ នាក់ នឹងត្រូវបានបណ្ដុះបណ្ដាល ក៏ដូចជាណែនាំពីគោលការណ៍មួយចំនួនសម្រាប់បំប៉នសិស្សខ្សោយ ដោយនឹងធ្វើការពង្រីកកម្មវិធីអាន និងគណិតវិទ្យាកម្រិតដំបូងទូទាំងប្រទេស។ ជាមួយគ្នា គម្រោងនេះធ្វើឡើងដើម្បី «បន្ធូរបន្ថយភាពចង្អៀតណែន» និងកែលម្អបរិក្ខារសាលា ដោយនឹងសាងសង់ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងផ្តល់បង្គន់អនាម័យ និងកន្លែងលាងដៃដាច់ដោយឡែកពីគ្នារវាងសិស្សស្រីប្រុស។

កុមារកម្ពុជាជាង១,៧លាននាក់ ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងកែលម្អការអប់រំមូលដ្ឋានដែលទើបអនុម័តថ្មីរបស់ធនាគារពិភពលោក ដែលជាគំនិតផ្តួចផ្តើមក្នុងរង្វង់ទឹកប្រាក់ចំនួន ១០៥លានដុល្លារ ក្នុងគោលបំណងពង្រីកសេវាថែទាំកុមារ និងមត្តេយ្យសិក្សា ការកែលម្អគុណភាពបង្រៀន និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀនដើម្បីពង្រឹងការរៀនសូត្រជាមូលដ្ឋាននៅទូទាំងប្រទេស។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា គម្រោង​នេះ​កំពុងស្ថិតក្នុង​ដំណាក់កាល​រៀបចំ​ផែនការ​ដោយ​ផ្តោតលើ​សិស្ស​ថ្នាក់មត្តេយ្យសិក្សា និង​បឋមសិក្សា​។ ក្រសួងរំពឹងថា លោកគ្រូ អ្នកគ្រូ នឹងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ លើមុខវិជ្ជាអំណាន និងគណិតវិទ្យា ដើម្បីឱ្យកុមារតូចៗ មានមូលដ្ឋានគ្រឹះរឹងមាំ មុនពេលពួកគេចូលរៀនថ្នាក់បន្ទាប់។ ទោះ​ជា​យ៉ាង​ណា លោកស្រី​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ចាប់​ផ្តើម​ ឬ​ខេត្ត​ដែល​គម្រោង​នឹង​ត្រូវ​អនុវត្ត​នោះទេ។